(ភ្នំពេញ)៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ដែលត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជានិស្សិតផងនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ ដោយបានបើករថយន្តទៅបុកព្រលះអ្នកជិះម៉ូតូ Duke មួយគ្រឿង មានគ្នា៣នាក់ បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងរងរបួស២នាក់ ហើយរថយន្តបង្កក៏បានជ្រុលទៅបុកសមត្ថកិច្ច និងប្រជាការពារចំនួន២នាក់ទៀត បណ្តាលឲ្យរងរបួស ខណៈពួកគេបានចុះមកជួយដោះស្រាយ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល វេលាម៉ោង ១២៖១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅក្បែរឃ្លាំងប្រេងឥន្ធនៈសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
សាក្សីបានប្រាប់ភ្នាក់ងារ Fresh News ថា យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គួរឲ្យអាណោចអធម ចំណែកយុវជនរួម និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរសង្ឃឹមរស់តិចតួច ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែនារីវ័យក្មេងនោះ បានបើករថយន្ត Camry ក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូ Duke របស់ពួកគេ ក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង រួចបកត្រឡប់ក្រោយ មកកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជាង ៥០ម៉ែត្រ ហើយក៏បានបុកប្រជាការពារនិងសមត្ថកិច្ច រងរបួស២នាក់ថែមទៀត ពេលកំពុងទៅការពារកន្លែងកើតហេតុ។
សាក្សីបានបន្តថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ និងនារីម្នាក់ជិះម៉ូតូម៉ាក Duke ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FF-0099 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Camry ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R- 8395 បើកបរដោយនារីម្នាក់ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា និងបានបុកម៉ូតូចំពីមុខពេញទំហឹង បោកផ្ទប់ និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់ ។
ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងល្បាតបានមកដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះជនរងគ្រោះ ប៉ុន្តែរថយន្តបង្កបានព្យាយាមបើករត់ បានប្រមាណជាង ១០០ម៉ែត្រ ក៏ត្រឡប់ក្រោយមកវិញក្នុងល្បឿនយ៉ាងលឿន សំដៅមកហ្វូងមនុស្ស ដែលកំពុងចោមរោមមើលជនរងគ្រោះ បានបុកនិងកិនជនរងគ្រោះបន្ថែមទៀត អូសជាង៥០ម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម នៅនឹងកន្លែង ចំណែកយុវជន និងនារីម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះជនបង្កម្នាក់នេះ មិនព្រមឈប់រថយន្តនោះទេ ក៏បានបន្តបុកកម្លាំងសមត្ថកិច្ច និងប្រជាការពារ រងរបួសបន្ថែមទៀតទើបឈប់ ។ ជនរងគ្រោះដែលរងរបួសទាំង៤នាក់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


















